ផ្តល់សម្ភាសល់អ្នកសារព័ត៌មាន លោក កាន់ ភារៈ គ្រូបង្រៀនមុជទឹកសមុទ្រ និងជាប្រធានក្រុមហ៊ុនមុជទឹកបាតសមុទ្រកម្ពុជា មានប្រសាសន៍ថា មនុស្សពេញវ័យ ឬអ្នកមានកម្លាំងរឹងមាំ គួរត្រូវរៀនជំនាញមុជទឹកសមុទ្រឲ្យបានស្ទាត់ ដើម្បីមានឱកាសចុះមើលជីវៈចម្រុះក្នុងបាតុសមុទ្រកម្ពុជា រួមមាន៖ មច្ឆាសមុទ្រ និងផ្កាថ្មជាដើម។
អ្នកជំនាញរូបនេះ ឲ្យដឹងថា បច្ចុប្បន្នេះ ជំនាញមុជទឹកសមុទ្រ ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ ភ្ញៀវទេសចរអន្តរជាតិ ដោយភ្ញៀវទាំងប្រុសស្រី ពួកគេតែងមករៀនជំនាញមុជទឹកសមុទ្រនេះ ពីរូបលោក តាមរយៈក្រុមហ៊ុនមុជទឹកបាតសមុទ្រកម្ពុជាមានចំនួនកើនច្រើន។
ចំណែកប្រជាពលរដ្ឋខ្មែរ ឬភ្ញៀវជាតិ លោក ភារៈ ឲ្យដឹងថា រាល់ថ្ងៃនេះ ក៏មានមនុស្សចាប់អារម្មណ៍រៀន មុជទឹកក្នុងបាតសមុទ្រមានចំនួនច្រើនគួរឲ្យកត់សម្គាល់ដែរ ជាពិសេសថ្នាក់ដឹកនាំនៅតាមស្ថាប័នរដ្ឋ និងវិស័យឯកជន ឬអ្នកជំនួញធំៗមានឋានៈខ្ពស់ និងមានងារជាឧកញ៉ាជាដើម ក៏មានចំនួនច្រើន បានមករៀនជំនាញមុជទឹកសមុទ្រ ពីក្រុមហ៊ុនមុជទឹកបាតសមុទ្រកម្ពុជា ប្រចាំខេត្តព្រះសីហនុ ក្នុងប៉ុន្មានឆ្នាំនេះ។
លោក កាន់ ភារៈ បញ្ជាក់ថា អ្នកចេះជំនាញមុជទឹកសមុទ្រ នឹងអាចជួយកាត់បន្ថយអារម្មណ៍តានតឹងឬកាត់បន្ថយកង្វល់ផ្សេងៗ នៅពេលពួកគេ ចុះមុជទឹកក្នុងបាតសមុទ្រ ហើយមើលឃើញជីវៈចម្រុះ ឬធនធានធម្មជាតិមាន៖ មច្ឆាសមុទ្រ និងផ្កាថ្មីមានព៌ណចម្រុះដ៏សម្បូរបែប និងមានលក្ខណៈរប្លែកៗ នៅក្រោមទឹកសមុទ្រ។
គ្រូវជំនាញរូបនេះ បានអះអាងថា រូបលោកធ្លាប់ទទួលសិក្សាលើជំនាញមុជទឹកក្នុងបាតសមុទ្រនេះ ពីគ្រូជំនាញ នៅលើពិភពលោកជាច្រើនប្រទេស នៅមុនរូបលោកបានចាប់យកអាជីព ជាគ្រូបង្រៀនឯកទេសមុជទឹកសមុទ្រមានរយៈពេលជិត ១០ឆ្នាំកន្លងមកនេះ។
លោក កាន់ ភារៈ អះអាងថា បុគ្គលណាម្នាក់មានជំនាញមុជទឹកសមុទ្រ និងបានចុះទៅដល់បាតសមុទ្រ ហើយឃើញធនធានធម្មជាតិ ឬឃើញផ្កាថ្ម និងត្រីសមុទ្រដ៏សម្បូរបែប នៅក្រោមទឹកសមុទ្រ នឹងអាចឲ្យពួកគេម្នាក់ៗ ចេះស្រលាញ់ និងការពារជីវៈចម្រុះនានា នៅក្នុងបាតសមុទ្រមិនឲ្យបាត់បង់ឬរង់ការបំផ្លិចបំផ្លានោះទេ។
គ្រូជំនាញរូបនេះ ចាត់ទុកជំនាញមុជទឹកបាតសមុទ្រ ថាជាកីឡាមួយប្រភេទ អាចជួយក្នុងការទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរ ពិសេសភ្ញៀវបរទេស ឲ្យងាកមកចាប់អារម្មណ៍ខេត្តព្រះសីហនុ ហើយជម្រើសយកខេត្តនេះ សម្រាប់ដំណើរកម្សាន្ត របស់ពួកគេ។
សិក្ខាកាម ដែលបានចូលរួមវគ្គសិក្សាជំនាញមុជទឹក នៅក្រុមហ៊ុនមុជទឹកបាតសមុទ្រកម្ពុជា ប្រចាំខេត្តព្រះសីហនុ មានទីតាំងនៅក្បែររង្វង់មូលតោពីរ អះអាងថា ពួកគេមានគម្រោងណាត់ជួបជុំមិត្រភ័ក្រ ដែលចេះជំនាញមុជទឹកសមុទ្រ ដើម្បីចុះមើលផ្កាថ្ម និងត្រីសមុទ្ររយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា នៅក្នុងទឹកសមុទ្រក្បែរកោះតាង និងកោះរ៉ុង ក្រោយចប់ពិធីបុណ្យចូលឆ្នាំខ្មែរ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន គាំទ្រប្រតិបត្តិករទេសចរខេត្តនេះ ដែលបានបង្កើននូវកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីរួមគ្នាទាក់ទាញចំនួនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាខេត្តនេះបានច្រើននាថ្ងៃអនាគត។
លោកអភិបាលខេត្ត សំណូមពរដល់អាជីវករ បំរើសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាពង្រឹងគុណភាពសេវាបំរើ នៅតាមទីតាំងរៀងៗខ្លួន ដោយយកចិត្តទុកដាក់ ពិសេសត្រូវរួមគ្នាសំអាតបរិស្ថានឆ្នេរសមុទ្រ ឲ្យមានអនាម័យ និងសោភ័ណភាព ដើម្បីទាកទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ឲ្យបន្តចូលមកទស្សនាខេត្ត ព្រះសីហនុ បានកាន់តែច្រើននាបណ្តាឆ្នាំខាងមុខៗ។
លោកគ្រឹស្នា ស្នើដល់វិស័យឯកជននានា ត្រូវរួមសហការគ្នា បង្កើតកម្មវិធីកម្សាន្ត ឲ្យបានច្រើននៅតាមទីតាំងរៀងៗខ្លួន ឬនៅតាមតំបន់ឆ្នេរខេត្តព្រះសីហនុ ដើម្បីផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរ ដែលចូលមកទស្សនាខេត្តនេះ។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឲ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាខេត្តនេះ កាលពីឆ្នាំ២០១៦ គឺបានកើនជាង ២០ភាគរយ បើប្រៀបធៀបឆ្នាំ២០១។ ចំនួនភ្ញៀវជាតិមានជាង ១លាន ២សែននាក់ និងភ្ញៀវទេសចរអន្តរជាតិមានជិត ៤០ម៉ឺននាក់៕ ដែន សីមា











No comments:
Post a Comment